បើចង់ក្លាយជាអ្នកគ្រប់គ្រង ឬ អ្នកដឹកនាំដ៏អស្ចារ្យម្នាក់ ត្រូវជម្រុះចំណុចអាក្រក់ទាំង៦នេះសិន !
បើចង់ក្លាយជាអ្នកគ្រប់គ្រង ឬ
អ្នកដឹកនាំដ៏អស្ចារ្យម្នាក់ ត្រូវជម្រុះចំណុចអាក្រក់ទាំង៦នេះសិន
!
ប្រភព៖www.bizkhmer.com
មនុស្សភាគច្រើនសុទ្ធតែ
មិនចង់ធ្វើតាមបញ្ជាគេទេ
ប៉ុន្តែចង់ក្លាយជាអ្នកដែលបញ្ជាអ្នកដទៃ មានន័យថា
ចង់ក្លាយជាអ្នកគ្រប់គ្រង ឬ អ្នកដឹកនាំ។ ប៉ុន្តែក្លាយជាអ្នកដឹកនាំគេ
មិនថានៅក្រុមហ៊ុន ឬ ទីណានោះទេ វាមិនមែនជារឿងងាយស្រួលឡើយ
ព្រោះអ្នកដឹកនាំគឺទាមទារចំណុចលេចធ្លោច្រើនណាស់
ដើម្បីអាចកាន់ការងារ និង ដឹកនាំអ្នកដទៃឲ្យដើរលើផ្លូវវិជ្ជមានបាន។
ដូច្នេះហើយប្រសិនបើ ចង់ក្លាយជាអ្នកដឹកនាំគេ
គឺអ្នកត្រូវតែលះបង់ ឬ លុបបំបាត់ចោលចំណុចអវិជ្ជមានទាំងនេះសិន៖
១)
ភាពភ័យខ្លាច៖ អ្នកនឹងមិនអាចក្លាយជា មនុស្សដែលដឹកនាំអ្នកដទៃបានឡើយ
ប្រសិនបើអ្នកតែងតែមានភាពភ័យខ្លាចក្នុងចិត្ត។ ភាពភ័យខ្លាចនេះ
អាចបណ្តាលឲ្យពីមជ្ឈដ្ឋានខាងក្រៅ និង
ខ្លួនអ្នកផ្ទាល់ប៉ុន្តែបញ្ហាធំដែលបង្កឲ្យអ្នកមានភាពភ័យខ្លាចខ្លាំងនោះ
គឺដោយសារតែមិនទុកចិត្តលើសមត្ថភាពខ្លួនឯង។ដូច្នេះហើយអ្នកត្រូវជម្រុះភាពភ័យខ្លាចចេញ
ប្រសិនបើចង់ក្លាយជាអ្នកឈរនៅជួរមុខគេក្នុងស្ថាប័នណាមួយ
តាមរយៈព្យាយាមបង្កើនការជឿជាក់លើខ្លួនឯងជាប្រចាំ។
២)
ការសម្រេចចិត្តមិនច្បាស់លាស់៖ បើចង់ក្លាយជាអ្នកគ្រប់គ្រង និង ជាអ្នកដឹកនាំគំរូនោះ
អ្នកមិនអាចមានភាពស្ទាក់ស្ទើរក្នុងការសម្រេចចិត្តឡើយ
ព្រោះវាអាចធ្វើឲ្យបុគ្គលិកក្រោមបង្គាប់ មិនគោរពអ្នក។ ដូច្នេះហើយ
មុននឹងសម្រេចចិត្តត្រូវគិតឲ្យច្បាស់ ហើយបើសម្រេចចិត្តហើយ
គឺត្រូវតែធ្វើដើម្បីបង្ហាញថា
អ្នកមានភាពច្បាស់លាស់លើខ្លួនឯងកម្រិតណា។
៣)
និយាយឥតប្រយោជន៍៖ ក្លាយទៅជាអ្នកគ្រប់គ្រង
ឬ ដឹកនាំគេ មិនមែនមានន័យថា អ្នកត្រូវចេះនិយាយឲ្យច្រើននោះទេ
ប៉ុន្តែអ្វីដែលសំខាន់នោះ គឺរាល់ពេលនិយាយត្រូវតែមានខ្លឹមសារ និង
មានប្រយោជន៍សម្រាប់អ្នកស្តាប់ ជាពិសេសបុគ្គលិកក្រោមបង្គាប់។
ប្រសិនបើអ្នក ពូកែតែខាងនិយាយច្រើន តែអត់ប្រយោជន៍នោះ
គឺគ្មាននរណាម្នាក់ចង់ស្តាប់នោះឡើយ។
៤)
អួតអាង៖ បើកាន់ការងារខ្ពស់
គឺត្រូវដាក់ខ្លួនឲ្យកាន់តែទាប
ព្រោះថាការអួតក្អេងក្អាងហួសពីសមត្ថភាពពិតរបស់ខ្លួន គឺមិនមែនជាអ្វីដែលមនុស្សទូទៅចូលចិត្តនោះឡើយ។
ដូច្នេះហើយ អ្នកមិនត្រូវអូតខ្លួនថា ជាមនុស្សអស្ចារ្យអ្វីនោះឡើយ
ព្រោះសម្ដីអ្នកគ្មានន័យអ្វីទាំងអស់
បើសកម្មភាពរបស់អ្នកមិនអាចឆ្លុះបញ្ចាំងបាន។
៥)
គ្មានទំនួលខុសត្រូវ៖ បើនិយាយអំពី លំដាប់នៃតំណែង ឬ តួនាទីវិញ
បើកាន់តែខ្ពស់ គឺត្រូវមានទំនួលខុសត្រូវកាន់តែខ្ពស់ដែរ។ មានន័យថា
បើចង់ក្លាយជាអ្នកគ្រប់គ្រង ឬ
ដឹកនាំគឺត្រូវតែមានទំនួលខុសត្រូវខ្ពស់ជាដាច់ខាត
ព្រោះបើអ្នកគ្មានទំនួលខុសត្រូវ ឬ អាចនិយាយបានថា ទទួលតែ«ត្រូវ»
តែមិនទទួលខុសនោះ
គឺនឹងធ្វើឲ្យស្ថាប័នទាំងមូលជួបបញ្ហាជាច្រើន
ជាពិសេសបុគ្គលិកនៅក្រោមបង្គាប់តែម្តង។
ដូច្នេះហើយអ្នកត្រូវតែជម្រុះទម្លាប់មិនទទួលខុសត្រូវចេញឲ្យបានលឿនបំផុត។
៦)
ភាពឆេវឆាវ៖ ការឆេវឆាវ
គឺជាឧបសគ្គធំបំផុតសម្រាប់មនុស្សម្នាក់ៗ ក្នុងការធ្វើកិច្ចការផ្សេងៗ
ដើម្បីសម្រេចគោលដៅដោយមានប្រសិទ្ធភាព។ សម្រាប់ថ្នាក់ដឹកនាំ ឬ
គ្រប់គ្រង ដែលមានចារិតឆេវឆាវនោះ នឹងធ្វើឲ្យបុគ្គលិកក្រោមបង្គាប់
មានអារម្មណ៍ថាទទួលរងសម្ពាធខ្លាំងមែនទែន ហើយបុគ្គលិកទាំងនោះ
នឹងសម្រេចចិត្តចាក់ចេញប្រសិនបើមានឱកាស
ព្រោះមិនអាចរស់នៅក្នុងស្ថានភាពចាំមើលតែទឹកមុខគេបែបនេះឡើយ៕


Post a Comment